ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើនាយឧត្តមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឲ្យពិចារណាឡើងវិញនូវការអនុវត្តការកាត់ ទោសប្រហារជីវិតដល់ អ្នកប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាល រដ្ឋ។

តាមរយៈលិខិតផ្ញេីទៅកាន់នាយឧត្ដមសេនីយ៍ មីន អោងឡាំង នៅថ្ងៃទី១០ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការផ្តន្ទាទោស និងផែនការ ប្រហារជីវិតលើបុគ្គលមួយចំនួនដែល ប្រឆាំងនឹង ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន។ កម្ពុជាជឿជាក់ថា ផែន ការប្រហារជីវិតនេះ ប្រសិនបើត្រូវបាន អនុវត្ត ប្រាកដជា នឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញ សហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជា ឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទា ទោសនេះ និងជៀសវាង ការអនុវត្ត ការកាត់ទោសប្រហារជីវិតដល់ អ្នកដែល ប្រឆាំងនឹង ក្រុមប្រឹក្សារដ្ឋបាលរដ្ឋទាំងនោះ ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម  នឹងពិចារណាដោយយោគយល់ ចំពោះការអំពាវនាវរបស់ខ្ញុំទៅលើ ករណីនេះ» ។

សម្ដេចតេជោ  ក៏បានឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ